April 21, 2017

ក្រសួង​មហាផ្ទៃ​ឈប់​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខ​សកម្មជន​ខ្លួន​ក្នុង​ពន្ធនាគារ

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev

ដោយ តាំង សារ៉ាដា RFA 2017-04-19

ក្រសួង​មហាផ្ទៃ ប្រកាស​មិន​អនុញ្ញាត​ឱ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខ​សកម្មជន ឬ​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ទៀត​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា  ដោយ​ចោទ​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ថា មាន​ចេតនា​អសីលធម៌ ដោយ​បន្លំ​សមត្ថកិច្ច ហ៊ាន​នាំ​បុគ្គលិក​អាស៊ីសេរី ចូល​ពន្ធនាគារ។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ ទាំង​អាស៊ីសេរី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ បដិសេធ​ការ​លើក​ឡើង​នេះ។

លោក ជុន ច័ន្ទបុត្រ នាយក​រង​អាស៊ីសេរី ភាសា​ខ្មែរ​បញ្ជាក់​ថា លោក​មិន​បាន​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហាផ្ទៃ នោះ​ទេ៖ «ការពិត​ពិត​ខ្ញុំ​ទៅ​បន្លំ​គេ​ឯ​ណា​បាន? នរណា​ក៏​គេ​ស្គាល់​ខ្ញុំ​ដែរ មន្ត្រី​ប៉ូលិស​ស្គាល់ ហៅ​ឈ្មោះ​ខ្ញុំ (ជុន ច័ន្ទបុត្រ) ហើយ​គេ​ក៏​អោយ​អ្នក​ចូល​ទាំង​ប៉ុន្មាន​ហ្នឹង​ចុះ​ឈ្មោះ ខ្ញុំ​ក៏​ចុះ​ឈ្មោះ​ដាក់​ឈ្មោះ​ពិត​ទៅ។ ចូល​ហ្នឹង​គឺ​តាម​របៀប​ហ្នឹង សុំ​គេ​ចូល​ដោយ​ត្រឹមត្រូវ ហើយ​ដើរ​តាម​ក្រោយ​គេ​ទៅ ដូច្នេះ​ខ្ញុំ​មិន​បាន​បន្លំ​ខ្លួន​ចូល​អី​ដូច​ដែល​ព័ត៌មាន​ខ្លះ​ផ្សាយ​ទេ»។
អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ សុំ​ការ​បំភ្លឺ​ចំពោះ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា។

កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​មេសា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ និង​លោក ឡុង រី បាន​នាំ​គ្នា​ចូល​ទៅ​ពន្ធនាគារ​ព្រៃស ដើម្បី​ចុះ​សួរ​សុខ​ទុក្ខ​សកម្មជន​របស់​គណបក្ស​សង្រ្គោះជាតិ ចំនួន ១៦​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស៕

No comments: