April 21, 2017

តុលាការ​ខេត្ត​កំពត​កោះ​ហៅ​ពលរដ្ឋ​ម្នាក់​ចូល​បំភ្លឺ​រឿង​រង​ការ​វាយ​ដំ​ពី​ឈ្មួញ​ដី​និង​បក្ខពួក

លោក ហេង មិត្ត ដែល​អះអាង​ថា​រង​ការ​វាយ​ដំ និង​ចាប់​ចង​ដោយ​ក្រុម​បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី និង​បក្ខពួក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។ Photo ADHOC

ដោយ យ៉ង ចាន់តារា RFA 2017-04-20

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២០ មេសា កោះ​ហៅ​ពលរដ្ឋ​ម្នាក់​ដែល​ជា​ដើម​បណ្ដឹង​មក​សាកសួរ​ពី​ដំណើរ​រឿង​ហិង្សា​ដោយ​ចេតនា។ នេះ​ជា​ការ​កោះ​ហៅ​លើក​ទី​ពីរ​ក្នុង​ខែ​មេសា បន្ទាប់​ពី​ថ្ងៃ​ទី​៥ កន្លង​ទៅ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត ទើប​តែ​បាន​កោះ​ហៅ​ពលរដ្ឋ​ម្នាក់​នេះ​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ ជុំវិញ​បណ្ដឹង​បរិហារ​កេរ្តិ៍​ប្ដឹង​ដោយ​ចុង​ចោទ​ក្នុង​សំណុំ​រឿង​ហិង្សា​របស់​គាត់។

ពលរដ្ឋ​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​សាកសួរ​ជុំវិញ​រឿង​ហិង្សា​ដោយ​ចេតនា​នេះ គឺ​លោក ហេង មិត្ត រស់នៅ​ភូមិ​ចក្រីទីង ឃុំ​ព្រៃថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត។ លោក ហេង មិត្ត បញ្ជាក់​ប្រាប់​អាស៊ីសេរី​ក្រោយ​ចេញ​ពី​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២០ មេសា ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត លោក តុប ឈុនសុង បាន​សាកសួរ​លោក​បន្ថែម​អំពី​បណ្ដឹង​របស់​លោក ដែល​ប្ដឹង​បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី និង​បក្ខពួក​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ និង​ចង​បង្ខាំង​រូប​លោក។

លោក​សំណូមពរ​ឲ្យ​តុលាការ ពន្លឿន​សំណុំ​រឿង​នេះ ដោយ​នាំ​ខ្លួន​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក៖ «សូម​អំពាវនាវ​ឲ្យ​តុលាការ​ចាប់​ជន​ល្មើស រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ហើយ​ធ្វើ​តាម​ច្បាប់ និង​សង​ជំងឺ​ចិត្ត ២០០​លាន​រៀល និង​សុំ​ឲ្យ​តុលាការ​ពន្លឿន​សំណុំ​រឿង​នេះ»។
លោក ហេង មិត្ត អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ រូប​លោក​បាន​ធ្វើ​ដំណើរ​ទៅ​មើល​ដី​ដែល​លោក​ធ្លាប់​កាន់​កាប់​ចំនួន ៤​ហិកតារ នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ប៉ុន្តែ​បែរ​ជា​ត្រូវ​ក្រុម​បក្ខពួក​របស់​បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី ដែល​មាន​គ្នា ៥ ទៅ ៦​នាក់ ព្រួត​គ្នា​វាយ​ដំ និង​ចង​បង្ខាំង​លោក​ជាច្រើន​ម៉ោង។ លោក​អះអាង​ថា មូលហេតុ​នៃ​អំពើ​ហិង្សា​នេះ ដោយសារ​បក្ខពួក​របស់​បុគ្គល ហ៊ាង គុន្ធី ចោទ​លោក​ថា​បាន​ទៅ​រស់នៅ និង​ដាំ​ដុះ​នៅ​លើ​ដី​របស់​ពួក​គេ។

ក្រោយ​ហេតុការណ៍​នេះ លោក ហេង មិត្ត បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ ហ៊ាង គុន្ធី និង​បក្ខពួក​មួយ​ចំនួន​ទៀត ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក។

លោក​បញ្ជាក់​ថា តុលាការ​ខេត្ត​កំពត បាន​កោះ​ហៅ​រូប​លោក​ទៅ​បំភ្លឺ​លើ​ពាក្យ​បណ្ដឹង​នេះ​ជាច្រើន​លើក ក៏ប៉ុន្តែ​ស្រាប់​តែ​ដើម​ខែ​មេសា នេះ ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​កំពត លោក ឯក ឆេងហួត បាន​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​បរិហារ​កេរ្តិ៍ តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ ហ៊ាង គុន្ធី ទៅ​វិញ។

ករណី​បរិហារ​កេរ្តិ៍​ប្ដឹង​ដោយ​ចុង​ចោទ​លោក ហេង មិត្ត នេះ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ជា​ការ​បំបាក់​ស្មារតី​របស់​ពលរដ្ឋ។ លោក ហេង មិត្ត បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត តម្កល់​សំណុំ​រឿង​នេះ​ទុក​ឥត​ចាត់ការ ព្រោះ​ការ​ចោទ​លោក​ថា បាន​បរិហារ​កេរ្តិ៍​នេះ មិន​មែន​ជា​ការពិត​នោះ​ទេ តែ​ការពិត គឺ​លោក​រង​ការ​គំរាម​កំហែង និង​វាយ​ដំ​ពី​ពួក​គេ​ទៅ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​តុលាការ​ខេត្ត​កំពត មួយ​រូប​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បញ្ជាក់​ថា អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត កំពុង​ដំណើរការ​នីតិវិធី​បណ្ដឹង​បរិហារ​កេរ្តិ៍​នេះ ដោយ​មិន​មាន​ការ​តម្កល់​នោះ​ទេ។ ប្រភព​ដដែល​បន្ត​ថា ករណី​នេះ អាច​បញ្ចប់​ទៅ​បាន លុះត្រា​តែ​ភាគី​ដើម​បណ្ដឹង​សម្រេច​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ដើម​បណ្ដឹង​ឈ្មោះ ហ៊ាង គុន្ធី និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ទេ មក​ទល់​នឹង​ថ្ងៃ​ទី​២០ មេសា ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​អំពី​រឿង​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត លោក ហេង ភារៈ ថ្លែង​ថា ការ​វាយ​ដំ និង​ចាប់​ចង​ពលរដ្ឋ​នេះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ដែល​គួរ​តែ​តុលាការ​ពន្លឿន​ករណី​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ លោក​ថា ការ​យឺតយ៉ាវ​វែក​មុខ​ចាប់​ជន​បង្ក និង​បក្ខពួក​យក​មក​ផ្ដន្ទាទោស​បែប​នេះ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន។

លោក ហេង ភារៈ បញ្ជាក់​ថា សមាគម​អាដហុក​បន្ត​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ​ក្នុង​ករណី​នេះ ទាំង​ក្នុង​បណ្ដឹង​រឿង​ហិង្សា និង​បណ្ដឹង​បរិហារ​កេរ្តិ៍៖ «ដោយសារ​តែ​ចំណាត់ការ​រឿង​ព្រហ្មទណ្ឌ​ហ្នឹង​សម្រាប់​ជន​រងគ្រោះ​មាន​ភាព​យឺតយ៉ាវ អ៊ីចឹង​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្តិ និង​បក្ខពួក​មិន​មាន​ការ​ខ្លាចរអា​ច្បាប់​ទេ។ ជា​បន្តបន្ទាប់ យើង​តែង​ទទួល​ការ​រាយការណ៍​ពី​ពលរដ្ឋ​អំពី​ការ​វាយ​ដំ ដុត​ព្រៃ ដុត​ខ្ទម ដុត​ផ្ទះ ឬ​ក៏​មាន​ករណី​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់​នៅ​តែ​បន្ត។ នេះ​ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ និង​សន្តិសុខ​នៅ​តំបន់​កើត​ហេតុ​ហ្នឹង ដោយសារ​តែ​ចំណាត់ការ​របស់​តុលាការ​មាន​ភាព​យឺតយ៉ាវ»។

បុគ្គល​ឈ្មោះ ហ៊ាង គុន្ធី និង​បក្ខពួក ត្រូវ​បាន​ប្រជាពលរដ្ឋ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ចោទ​ថា​ជា​អ្នក​តែង​គំរាម​កំហែង និង​ប្រើ​ហិង្សា​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ពួក​គាត់។ អ្នក​ភូមិ​ក៏​អះអាង​ដែរ​ថា ពួក​គេ​នេះ​ហើយ​គឺ​ជា​ឈ្មួញ​ដី​នៅ​ពី​ក្រោយ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្បាល​ដី​ត្រូវ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ដែល​នាំ​ឲ្យ​អ្នក​ភូមិ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ជំនាញ ចុះ​ដោះស្រាយ​បញ្ហា​នេះ​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​បាត់បង់​ដីធ្លី៕

No comments: